ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងនាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្នុងនាមក្រសួងការពារជាតិកម្ពុជា បានសហការជាមួយក្រសួងការពារជាតិអូស្ត្រាលី រៀបចំធ្វើជាសហ-ប្រធាននៃកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ អេមព្រីសអង្គរ រីសត & ស៉្បា (Empress Angkor Resort & Spa) នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
កិច្ចប្រជុំនេះដឹកនាំធ្វើជាសហប្រធាន ដោយឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ (តំណាងក្រសួងការពារជាតិកម្ពុជា) និង ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) អគ្គនាយក កងកម្លាំងអភិវឌ្ឍន៍សាយប័រ និងជាមេបញ្ជាការបម្រុង បញ្ជាការដ្ឋានសាយប័រ (តំណាងក្រសួងការពារជាតិអូស្ត្រាលី) ដោយមានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសជាសមាជិក ADMM-បូក ប្រទេសទីម័រខាងកើត(ចូលរួមជាអ្នកសង្កេតការណ៍) មជ្ឈមណ្ឌលឧត្ដមភាពទិន្នន័យនិងសន្ដិសុខសាយប័រ និងលេខាធិការដ្ឋានអាស៊ាន។
សហប្រធានទាំង២ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងការចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ របស់សមាជិកចូលរួម ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ តាមរបៀបវារៈដែលបានគ្រោងទុក និងបញ្ចប់ទៅដោយជោគជ័យ និងទទួលលទ្ធផលជាផ្លែផ្កាតាមការគ្រោងទុក។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់ សមាជិកប្រតិភូទាំងអស់ ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ដើម្បីឈ្វេងយល់ពីវប្បធម៌ ប្រពៃណី និងស្ថាបត្យកម្មដ៏រុងរឿងនៃសម័យអង្គរ ផងដែរ។
សូមបញ្ជាក់ជូនថា នេះគឺជាកិច្ចប្រជុំលើកទី១ ដែលប្រទេសកម្ពុជា និងអូស្រ្តាលី បានរៀបចំធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក សម្រាប់ជុំថ្មី ពីឆ្នាំ ២០២៤-២០២៧ ជាមួយនឹងគោលដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ការលើកកម្ពស់សមត្ថភាព និងភាពធន់ ក្នុងចំណោមប្រទេសជាសមាជិក ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសាយប័រក្នុងតំបន់។
















