នាយកដ្ឋានបញ្ជូនសារ

ជាស្ថាប័នមួយចំណុះផ្ទាល់ក្រសួងការពារជាតិ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងការពារជាតិលើការធានារៀបចំ ចាត់ចែង ចាត់តាំង គ្រប់គ្រងនូវប្រព័ន្ធទាក់ទងតាមមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក ទូរគមនាគមន៍ និងព័ត៌មានវិទ្យា។

   នាយកដ្ឋានបញ្ជូនសារ គឺជាស្ថាប័នមួយចំណុះផ្ទាល់ក្រសួងការពារជាតិ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងការពារជាតិលើការធានារៀបចំ ចាត់ចែង ចាត់តាំង គ្រប់គ្រងនូវប្រព័ន្ធទាក់ទងតាមមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក ទូរគមនាគមន៏ និងពត៌មានវិទ្យា។ សម្របសម្រួលរវាងក្រសួងការពារជាតិ ជាមួយបណ្តាស្ថាប័ន កងឯកភាពយោធា បណ្តាស្ថាប័នស៊ីវិលរបស់រាជរដ្ឋាភិបាល បណ្តាក្រុមហ៊ុននានាក្នុងនិងក្រៅប្រទេស ដែលពាក់ព័ន្ធនឹង វិស័យបច្ចេកវិទ្យាអេឡិកត្រូនិក ទូរគមនាគមន៏ និងពត៌មានវិទ្យា។ ជាអង្គភាពខ្ពស់បំផុត ក្នុងកងយោធពលខេមរភូមិន្ទ លើផ្នែកបញ្ជូនសារតាមមធ្យោបាយបច្ចេកវិទ្យាអេឡិចត្រូនិកទូរគមនាគមន៏ និងពត៌មានវិទ្យា និងមានភារ:កិច្ចដូចខាងក្រោម:

– សិក្សាស្រាវជ្រាវ កសាង និងអនុវត្តន៏នូវផែនការជាយុទ្ធសាស្រ្តនៃគំរោងការពារ និងសន្តិសុខជាតិ ដោយប្រើមធ្យោបាយបច្ចេកវិទ្យាអេឡិកត្រូនិកទូរគមនាគមន៏និងពត៌មានវិទ្យា ស្របតាមគោលនយោបាយ របស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ។

– លើកគំរោង និងបំពាក់នូវសេចក្តីត្រូវការជាក់ស្តែង រាល់គ្រឿងបំពាក់សម្ភារ:បរិក្ខាផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិកទូរគមនាគមន៏ និងពត៌មានវិទ្យា ជូនក្រសួងការពារជាតិ និង កងយោធពលខេមរភូមិន្ទ សម្រាប់បច្ចុប្បន្នភាព និងសម្រាប់ចក្ខុវិស័យនាពេលអនាគត។

– រៀបចំចាត់ចែងច្បាប់ បទបញ្ញាតិ និងសេចក្តីកំណត់ផ្សេងៗ ជូនក្រសួងការពារជាតិ រាជរដ្ឋាភិបាល លើវិស័យការគ្រប់គ្រង ប្រើប្រាស់បណ្តាគ្រឿងបំពាក់សម្ភារ:បរិក្ខារទាក់ទងគ្រប់ប្រភេទ និងការប្រើប្រាស់ រលកហ្វ្រេកង់ ក្នុងកងយោធពលខេមរភូមិន្ទ។

– ធានា រៀបចំ ចាត់ចែង ចាត់តាំង គ្រប់គ្រង បណ្តាញទាក់ទងជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ឲ្យមានប្រសិទ្ធភាព សុវត្តិភាព ជាក់លាក់ សំងាត់ សន្តិសុខ ស្ថេរភាព បំផុត តាមមធ្យោបាយសម្ភារ:បរិក្ខាទាក់ទងវិទ្យុរលកខ្លី (HF) រលកខ្លីបំផុត (VHF,UHF) វិទ្យុទូរស័ព្ទ ប្រៃសណីយ៏កងទ័ព ប្រព័ន្ធអ៊ីនធឺណែត-អ៊ីនត្រាណែត (Internet-Intranet) បណ្តាញខ្សែទូរស័ព្ទ និង កាបអុបទិច ប្រព័ន្ធវិទ្យុរ៉ាដា ប្រព័ន្ធត្រាំងឃីង (Trunking System) ផ្កាយរណប និងមធ្យោបាយ ទាក់ទងផ្សេងៗទៀត ដែលត្រូវការចាំបាច់ ។

– រៀបចំ កែសម្រួល ណែនាំ តាមដានការអនុវត្តន៏នូវរចនាសម្ព័ន្ធ ក្របខ័ណ្ឌផ្នែកបញ្ជូនសារទូទាំង កងយោធពលខេមរភូមិន្ទ អោយបានសមស្របទៅតាមសេចក្តីត្រូវការជាក់ស្តែងនៃអង្គភាពនិមួយៗ ទាំងក្របខ័ណ្ឌចាត់តាំង គ្រឿងបំពាក់ និង មនុស្ស ។

– រៀបចំ បង្កើត ធានា គ្រប់គ្រង ថែរក្សានូវគេហទំព័រ របស់ក្រសួងការពារជាតិ និងបណ្តា កងឯកភាព យោធាទូទាំងប្រទេស ។

– រៀបចំ បង្កើតកម្មវិធី បញ្ជូល គ្រប់គ្រង ថែរក្សាការពារនូវទិន្នន័យទាំងអស់របស់កងយោពល ខេមរភូមិន្ទ ទៅក្នុងមជ្ឍមណ្ឌលទិន្នន័យ(Data Center) របស់ក្រសួងការពារជាតិ អោយមាន ប្រសិទ្ធភាព សុវត្តិភាព សន្តិសុខបំផុត ។

– រៀបចំ ចាត់ចែង ធានា គ្រប់គ្រង យ៉ាងមានប្រសិទ្ធភាពខ្ពស់ លើវិស័យសន្តិសុខ សុវត្តិភាព ផ្នែកបច្ចេកទេសអេឡិចត្រូនិកទូរគមនាគមន៏ និងពត៌មានវិទ្យា ជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ។

– រៀបចំ ចាត់ចែង កំណត់ គ្រប់គ្រងនូវការប្រើប្រាស់រលកហ្វ្រេកង់អោយមានប្រសិទ្ធភាពខ្ពស់ សំរាប់ កងយោធពលខេមរភូមិន្ទ ។

– ហ្វឹកហ្វឺន បំប៉ន និងបណ្តុះបណ្តាលជំនាញបញ្ជូនសារ ផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិក ទូរគមនាគមន៏ និងពត៌មានវិទ្យា នូវថ្នាក់បច្ចេកទេសបឋម មធ្យម និងឧត្តម(វិស្វករ) និងមេបញ្ជាការ បញ្ជូនសារគ្រប់ថ្នាក់ នៅក្នុងនិងក្រៅប្រទេស សំដៅពង្រឹងពង្រីកសមត្ថភាពជំនាញ អោយសមស្រប តាមការរីកចំរើនរបស់កងយោធពលខេមរភូមិន្ទ ។

– ថែរក្សា គ្រប់គ្រង ឆ្នៃប្រឌិត ជួសជុល ផ្លាស់ប្តូរ អោយបានល្អ និងមានគុណភាពខ្ពស់ នូវរាល់ គ្រឿងបំពាក់សម្ភារ:បរិក្ខាបញ្ជូនសារទាំងអស់ អោយបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ។

– សិក្សាស្រាវជ្រាវបន្ថែមដោយឥតឈប់ឈរនូវរាល់សម្ភារ:បរិក្ខា ផ្នែកបច្ចេកទេសអេឡិចត្រូនិក ទូរគមនាគមន៏និងពត៌មានវិទ្យា ដែលទំនើបៗ ដើម្បីលើកកំពស់សមត្ថភាពយល់ដឹងបន្ថែមទៀត និងអាចធ្វើអោយកងយោធពលខេមរភូមិន្ទ មានលទ្ធភាពធ្វើម្ចាស់ការ ប្រើប្រាស់ ជួសជុល ឬឈាន ទៅផលិតបាននូវគ្រឿងបំលាស់មួយចំនួន ។

– អនុវត្តន៏ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការស្វែងរកការឧបត្ថមគាំទ្រ ពីបណ្តាប្រទេស ជាមិត្ត និងបណ្តាក្រុមហ៊ុនដែលកំពុងមានសេវាកម្មផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិកទូរគមនាគមន៏ និង ពត៌មានវិទ្យា ដើម្បីបំពាក់ និងរៀបចំដល់កងយោធពលខេមរភូមិន្ទ ។

– ធ្វើរបាយការណ៏បូកសរុបសកម្មភាពការងារ និងលើកទិសដៅការងាររួមប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ ជូនក្រសួងការពារជាតិ ។

– អប់រំណែនាំ និងលើកកំពស់នូវវិន័យ អត្តចរិក សីលធម៌ របស់យោធិននៅក្នុងនាយកដ្ឋាន ដើម្បីពង្រីកកិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទ ។