ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ក្នុងនាមក្រសួងការពារជាតិកម្ពុជា បានសហការជាមួយក្រសួងការពារជាតិអូស្ត្រាលី រៀបចំធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី១២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ មេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Pan Pacific នៅប្រទេសសិង្ហបុរី ដែលប្រទេសអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ។
កិច្ចប្រជុំនេះដឹកនាំធ្វើជាសហប្រធាន ដោយ ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) អគ្គនាយក កងកម្លាំងអភិវឌ្ឍន៍សាយប័រ និងជាមេបញ្ជាការ បញ្ជាការដ្ឋានសាយប័រ ក្រសួងការពារជាតិអូស្ត្រាលី(តំណាងក្រសួងការពារជាតិអូស្ត្រាលី) និងឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ (តំណាងក្រសួងការពារជាតិកម្ពុជា) ដោយមានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសជាសមាជិក ADMM-Plus មជ្ឈមណ្ឌលឧត្ដមភាពទិន្នន័យនិងសន្ដិសុខសាយប័រ(ACICE) និងលេខាធិការដ្ឋានអាស៊ាន។
សហប្រធានទាំង២ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងការចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ តាមរបៀបវារៈដែលបានគ្រោងទុក។
កិច្ចប្រជុំនេះ បានបញ្ចប់ដោយជោគជ័យនិងទទួលបានលទ្ធផលល្អ ដោយប្រទេសសមាជិកទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការសួរសំនួរនិងផ្ដល់ធាតុចូលរាល់ការពិភាក្សានៅក្នុងអង្គប្រជុំ ក្នុងនាមជាសហប្រធានកម្ពុជា មានសុទិដ្ឋិនិយមនិងរំពឹងខ្ពស់ពីលទ្ធផលកិច្ចនៃប្រជុំបន្តបន្ទាប់ទៀត នឹងទទួលបានលទ្ធផលល្អ ប្រកបដោយផ្លែផ្កាតាមផែនការដែលគ្រោងទុក។
សូមបញ្ជាក់ជូនថា នេះគឺជាកិច្ចប្រជុំលើកទី២ ដែលប្រទេសកម្ពុជា និងអូស្រ្តាលី បានរៀបចំធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារជំនាញសន្តិសុខសាយប័រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក សម្រាប់ជុំទី៣ ចាប់ពីឆ្នាំ២០២៤-២០២៧ ជាមួយនឹងគោលដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ការលើកកម្ពស់សមត្ថភាព និងភាពធន់ ក្នុងចំណោមប្រទេសជាសមាជិក ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសាយប័រក្នុងតំបន់។




























